ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យគឺបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ។
តាមរយៈលិខិតសរសើរ នាថ្ងៃទី២៤ កក្កដានេះ សម្ដេចបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឲ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
សម្ដេចមានប្រសាសន៍ថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទកភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិ ជាពិសេសបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់ តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។
សម្ដេច ស ខេង គូសបញ្ជាក់ថា «លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹម តែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែក យ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា» ។
សម្ដេចថ្លែងថា បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនគ្រប់ច្រកល្ហក បានអនុវត្ត យ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា៕