ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា បន្តជ្រើសរើសយក សម្តេច ហ៊ុន សែន និងបដិសេធ លោក សម រង្ស៊ី ខណៈ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋកម្ពុជាប្រុសស្រី ដែលមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៤%។ នេះជាភាគរយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣មក។
តាមរយៈបណ្តាទំនាក់ទំនងសង្គមហ្វេសបុក នៅយប់ថ្ងៃទី២៣ ខែកក្កដា លោក គិន ភា បញ្ជាក់ថា ភាគរយនៃអ្នកចេញទៅបោះឆ្នោតដ៏ខ្ពស់បែបនេះ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជ្រើសរើសយកការប្រើប្រាស់សិទ្ធិ ជាងជាងការជាន់ឈ្លីសិទ្ធិរបស់ខ្លួន, ជ្រើសរើសយកប្រជាធិបតេយ្យ ជាជាងអណាធិបតេយ្យ, ជ្រើសរើសយកការស្រឡាញ់សន្លឹកឆ្នោត ជាជាងការបំផ្លាញសន្លឹកឆ្នោត, ជ្រើសរើសយកសន្តិភាព ជាជាងភាពចលាចលសង្គម, ជ្រើសរើសយកការអភិវឌ្ឍ ជាជាងភាពក្រីក្រ, ជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សផ្សេង។ល។
លោកបន្តថា និយាយរួម គឺប្រជាពលរដ្ឋបន្តជ្រើសរើសយកសម្តេច ហ៊ុន សែន បដិសេធ លោក សម រង្ស៊ី។ លោក សម រង្ស៊ី រងភាពអាម៉ាស់យ៉ាងដំណំក្នុងល្បែងភ្នាល់ដែលខ្លួនឯងបង្កើតឡើងតាមរយៈការប្រកាសឱ្យប្រជាពលរដ្ឋពហិកាការបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោតដោយចាត់ទុកថាជាអ្នកនៅខាងខ្លួន។
លោកថ្លែងថាៈ “ដូចដែលខ្ញុំធ្លាប់បានលើកឡើងកាលពីថ្ងៃទី៥ ខែកក្កដា កន្លងមកហើយ, លោក សម រង្ស៊ី និងក្រុមគាត់ក៏នឹងចាញ់ដូចឆ្នាំ២០១៨ ដដែល តែគាត់និងក្រុមគាត់នឹងលើកហេតុផលថា ប្រជាពលរដ្ឋទៅបោះឆ្នោតព្រោះភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋមិនហ៊ានគូសសន្លឹកឆ្នោតចោលព្រោះគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដាក់សម្ពាធប្រជាពលរដ្ឋ ជាដើម”។
លោក សង្កត់ធ្ងន់ថា ទោះបីចំណុចទាំងពីរនេះ មិនមែនជាហេតុផលក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមគាត់ មិនខ្វះហេតុផលដើម្បីការពារភាពបរាជ័យរបស់ខ្លួនដែរ។ អ្នកនយោបាយ ទោះស្លាប់ ក៏មិនសារភាព ! លោក សម រង្ស៊ី និងក្រុមគាត់ នឹងបន្តចាញ់ដោយគ្មានសង្វៀន នឹងក្លាយជាអ្នកនយោបាយអស្តង្គតដោយគ្មានអ្នកបន្តវេន។
លោកបន្ថែមថា ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋបដិសេធសិទ្ធិខ្លួនឯងដែលមានកំណត់ដោយរដ្ឋធម្មនុញ្ញ ដោយបោះបង់ការបោះឆ្នោតដែលជាការបោះបង់សិទ្ធិអធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួននិងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្តងនោះទេ៕