ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រលាញ់ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិជាពិសេសក្នុងស្រទាប់យុវជន។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្រសួង លើកឡើងថា ទិវានៃក្តីស្រលាញ់នេះ បានធ្វើឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់កម្ពុជាទៀតផង។
ត្រង់ចំណុចនេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាឈ្វេងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតា ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទនៃសង្គមខ្លួន។ នេះបើតាមការបញ្ជាក់របស់ក្រសួង។
សម្រាប់ក្រសួងវប្បធម៌ ទិវានៃក្តីស្រលាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រលាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រលាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្តី/ប្រពន្ធ និងចំពោះញាតិមិត្ត និងមនុស្សមួយចំនួនដូចជា ជនពិការ, កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម។
ជាមួយគ្នានេះក្រសួងស្នើដល់អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ និងអប់រំក្រើនរម្លឹកដល់បងប្អូន កូន ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អរបស់ខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិយើង៕