សម្តេច ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ជាង៣០០នាក់ កំពុងធ្វើដំណើរមកកម្ពុជា

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។

យោងតាមតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”។

ជាមួយគ្នានោះសម្ដេច សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកប្រធានសភា ប្រទេសម៉ាឡេស៊ី និងលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូដែលមកដល់កម្ពុជាដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្ដេចក៏ថ្លែងអំណរគុណ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលា ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍៕