ហ្វេសប៊ុកផេកសម្តេច ហ៊ុន សែន ត្រូវបានយកមកប្រើវិញ ដោយអ្នកប្រើមិនមែនសម្តេចទេ គឺលោកដួង តារា

ភ្នំពេញ៖ លោកដួង តារា ជំនួយការសម្តេច ហ៊ុន សែន បាន ឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) លោកបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូន សម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ។

លោកបានបន្តថា លោកមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលលោកបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។ លោកក៏បានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចមិនប្រើក៏ដោយ។

ជុំវិញបញ្ហានេះ​លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា តាំងពីពេលដែលសម្តេច នាយករដ្ឋមន្ត្រី ប្រកាសឈប់ប្រើប្រាស់ហ្វេសប៊ុកមកម៉្លេះ លោក តែងសង្ឃឹមថា សម្តេចនឹងបន្តប្រើប្រាស់ Page ហ្វេសប៊ុកសម្តេចឡើងវិញ។ ពេលនេះ ក្តីសង្ឃឹមរបស់លោក បានក្លាយជាការពិតហើយ បើទោះបីពេលនេះ សម្តេចប្រើផ្ទាល់ឬមិនប្រើក៏ដោយ ក៏ Page របស់សម្តេច នៅតែជាឈ្មោះរបស់សម្តេច ដែលប្រជាជនចងចាំ។

លោកថ្លែងថា “ ខ្ញុំសូមអរគុណនិងគាំទ្រទាំងស្រុងចំពោះឯកឧត្តម ដួង តារា ដែលបានយក Page សម្តេចមកគ្រប់គ្រងនិងរក្សាទុកឡើងវិញ”។

បើតាម លោក គិន ភា តាមរយៈ Page នេះ ប្រជាពលរដ្ឋបានសម្តែងឆន្ទ: ទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់ខ្លួនចំពោះសម្តេចយ៉ាងទូលំទូលាយ និងត្រឡប់មកវិញ សម្តេចក៏អាចបង្ហាញក្តីអាណិត ស្រឡាញ់ សណ្តោស និងសង្គ្រោះ របស់សម្តេចជូនប្រជាពលរដ្ឋវិញបានលឿនរហ័សនិងទាន់ពេលវេលាផងដែរ។

លោកបន្ថែមថា ទោះបីសម្តេចប្រើផ្ទាល់ឬមិនប្រើ តែ Page នេះនៅតែមានសារប្រយោជន៍សម្រាប់ស្រុកទេសយើង ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម អប់រំ និងទំនាក់ទំនង ជាពិសេស អ្វីៗដែលបង្ហោះរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។ ទស្សនៈ គតិបណ្ឌិត និងព័ត៌មានរាប់ម៉ឺនសែនជំពូករបស់សម្តេច ហើយអារម្មណ៍ ទឹកចិត្ត និងបេះដូងចម្រុះពណ៌រាប់លានសណ្ឋានរបស់ប្រជាពលរដ ត្រូវបានលាតត្រដាងក្នុង Page នេះ។ ទាំងនេះសុទ្ធជាសាក្សី ភស្តុតាងមនោសញ្ចេតនា និងឯកសារសម្រាប់ការអប់រំ ព័ត៌មាន និងការសិក្សាស្រាវជ្រាវ។

លោកសង្កត់ធ្ងន់ថា និយាយរួមទៅ Page ហ្វ៊េសប៊ុក ជាស្ពានចម្លងមនោសញ្ចេតនាដ៏សំខាន់រវាងសម្តេចនិងប្រជាពលរដ្ឋ និងរវាងប្រជាពលរដ្ឋនិងសម្តេច៕