នាយករដ្ឋមន្ត្រីចិន៖ ចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូ ដ៏ល្អ

ភ្នំពេញ៖ លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អះអាងថាចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូដ៏ល្អ ដោយឈរជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងក្នុងគ្រាល្អ និងគ្រាលំបាក។

ការអះអាងរបស់លោក លី ឈាង ធ្វើឡើងក្នុងសារលិខិតសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងលិខិតនេះ លោកសរសេរថា រយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទោះបីស្ថានការណ៍អន្តរជាតិមានការវិវឌ្ឍយ៉ាងណាក៏ដោយ មិត្តភាពរវាងប្រទេស ដ៏អស្ចារ្យនៃយើងទាំងពីរនៅតែបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឆ្នាំនេះត្រូវបានកំណត់ថា ជាឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត ដែលឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ប្រកបដោយគុណភាព ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោកបន្តថា “ ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយសម្តេចតជោ នាយករដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់មូលដ្ឋាន នៃ ប្រទេសទាំងពីរ ក្នុងគោលបំណងធ្វើឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាបន្ថែមទៀត តាមរយៈ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ដ៏ជិតស្និទ្ធ”។

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននេះ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បាន ឱ្យដឹងថា ទំនាក់ទំនងការទូតកម្ពុជា-ចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជា ប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរបានថែរក្សា និងពូនជ្រំបានយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនង នេះ ដែលធ្វើឱ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន នាពេលបច្ចុប្បន្ន។

សម្តេច បន្តថា ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលបានកសាងឡើងឈរលើមូលដ្ឋានដ៏រឹងមាំ នៃទំនុកចិត្តផ្នែក នយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព បានបន្តរីកចម្រើន កាន់តែរឹងមាំឡើងៗ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្ដូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងការគាំទ្រគ្នាទៅវិញ ទៅមកទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈទាំងអស់៕