ចុងសប្តាហ៍ទី២ នៃខែកក្កដា ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ចេញដើរលេងកម្សាន្ដ

ភ្នំពេញ ៖ចុងសប្តាហ៍ទី ២ នៃខេកក្កដា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកភ្ញៀវទេសចរ ចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់ បានដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នៃខេត្តគោលដៅ នានានៅទូទាំងប្រទេស។

របាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៩ ខែកក្កដានេះ ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទាំងនោះទៅលេងកម្សាន្ត រួមមាន៖ ខេត្តព្រះសីហនុ ទទួលបាន ៦៦,៥៥៧នាក់ ខេត្តបាត់ដំបង ទទួលបាន ៣៥,៦៦៤នាក់ រាជធានីភ្នំពេញ ទទួលបាន ៣៣,២១១នាក់ ខេត្តកំពតទទួលបាន ២៧,៦៧៥នាក់ ខេត្តសៀមរាបទទួលបាន ២២,៥៣៥នាក់ ខេត្តកំពង់ស្ពឺទទួលបាន ១៤,២៥៣នាក់ ខេត្តពោធិ៍សាត់ ទទួលបាន ១១,២៧៧នាក់ និងខេត្តកែប ទទួលបាន ១១,០៧៦នាក់។

របាយការណ៍បញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។

តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕