គណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF)ចូលរួមសង្កេតការណ៍បោះឆ្នោត

ភ្នំពេញ៖ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) បានលើកឡើងថា គោលបំណងនៃជំនួប និងរយៈពេលបំពេញបេសកកម្មនៅកម្ពុជាដែលមានរយៈពេល ០៩ ថ្ងៃ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការលើកឡើងរបស់ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ធ្វើឡើងនៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលលោកដឹកនាំគណៈប្រិតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបពិភាក្សាការងារជាមួយ លោក លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ប្រធានគណៈប្រតិភូ OIF បានលើកឡើងអំពីបញ្ហាអវត្តមានគណបក្សនយោបាយពីរដែលត្រូវបានបដិសេធមិនឱ្យចូលរួមបោះឆ្នោត និងបានស្នើសុំការបញ្ជាក់ពី លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅលើកិច្ចការងារបោះឆ្នោតកន្លងមកដែលក្រុមប្រឹក្សាធម្មនុញ្ញបានជួបប្រទះ។

ជាការឆ្លើយតប លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយពីរ កន្លងមកនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធដែលកំហុសនេះកើតចេញពីគណបក្សនយោបាយខ្លួនឯងដោយពុំបានបំពេញលក្ខខណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយស្របតាមច្បាប់តម្រូវ។

ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ក៏បានលើកឡើងអំពីដំណើរវិវត្តនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីការបោះឆ្នោត លើកទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ ហើយដំណើរវិវត្តនេះកាន់តែប្រសើរឡើងបន្តិចម្ដងៗ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដោយ បានធ្វើការប្រៀបធៀបថា ការបោះឆ្នោតឆ្នាំ១៩៩៨ មានបញ្ហាប្រឈមខ្លាំងពាក់ព័ន្ធទៅនឹងករណីបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសបញ្ហាសញ្ជាតិ ដែលករណីទាំងនោះបន្សល់ទុកពីការបោះឆ្នោតឆ្នាំ១៩៩៣ ហើយរហូតដល់ឆ្នាំ២០០៣ ការបោះឆ្នោតមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់ បញ្ហាបញ្ជីឈ្មោះបោះឆ្នោតលែងក្លាយ ជាបញ្ហាចោទដោយសារមានកំណែទម្រង់ទៅលើច្បាប់បោះឆ្នោត និងវិធានពាក់ព័ន្ធដទៃទៀត។

លោកបន្ថែមថា ចំពោះការរាប់សន្លឹកឆ្នោតគឺធ្វើនៅនឹងការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតតែម្ដង ក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត ដែលនេះបង្ហាញពីតម្លាភាព និងភាពយុត្តិធម៌ នៃលទ្ធផលបោះឆ្នោត។ លោកបន្ថែមថា ថា ក្នុងដំណើរការឃោសនារកសំឡេងឆ្នោត ១៨ថ្ងៃ កន្លងមកនេះ ពុំឃើញមានករណីរំលោភច្បាប់ ឬភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ។ ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់បានចូលរួមយ៉ាងសកម្ម ដែលនេះបង្ហាញឱ្យឃើញអំពីលំហសេរីភាពក្នុងប្រទេស ប្រជាធិបតេយ្យ។

លោកបញ្ជាក់ទៀតថា លក្ខខណ្ឌវិនិច្ឆ័យពីរដែលត្រូវបានយកមកពិចារណានោះគឺ ទីមួយ គុណភាពនៃគោលនយោបាយរបស់គណបក្សនយោបាយ និងទីពីរ លក្ខណៈសម្បត្តិរបស់បេក្ខជន ហើយចំណុចទាំងពីរនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទំលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ធ្វើឱ្យប្រជាពលរដ្ឋអាចមានជម្រើស និងធ្វើការសម្រេចចិត្តគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនយល់ថា មានគោលនយោបាយ និងមានបេក្ខជនស្របតាមការពេញចិត្តរបស់ខ្លួន។

លោកក៏បានបានផ្ដល់អនុសាសន៍ឱ្យ គណៈប្រតិភូអមដំណើរ បន្តសង្កេតការណ៍កិច្ចការបោះឆ្នោតនេះ រហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន ដើម្បីអាចធ្វើការវាយតម្លៃបានកាន់តែសុក្រិតអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ លោកក៏បានបញ្ជាក់ផងដែលថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតទាំងអស់អាចប្ដឹងតវ៉ាពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតបាន ហើយនីតិវិធីប្ដឹងគឺមានរយៈពេល ៧២ ម៉ោង បន្ទាប់ពីប្រកាលលទ្ធផលបណ្ដោះអាសន្ន ដោយគណបក្សនយោបាយមានជម្រើសពីរ គឺអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ផ្ទាល់តែម្ដង ឬក៏អាចប្ដឹងទៅ គ.ជ.ប ហើយបន្តមកក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីមិនសុទ្ធចិត្តនឹងការសម្រេចរបស់ គ.ជ .ប៕