ភ្នំពេញ៖ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប បានលើកឡើងថា គ.ជ.ប នឹងរៀបចំប្រតិទិន និង ថវិកា សម្រាប់ចំណាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា នៅឆ្នាំ២០២៤។
ការលើកឡើងរបស់លោក សោម សូរីដា ធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៣ ឆ្លើយតបទៅនឹងសំនួរបស់អ្នកសារព័ត៌មាន Khmer CM ក្រោយពេលដែល រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៨ ខែកក្កដា បានសម្រេចកំណត់យកថ្ងៃអាទិត្យទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា។
លោកបន្តថា គ.ជ.បបាននឹងកំពុងរងចាំសេចក្តីសម្រេចនេះ ពីរាជរដ្ឋាភិបាល ដើម្បីមានភាពងាយស្រួលសម្រាប់គ.ជ.ប ក្នុងការរៀបចំប្រតិទិន និងថវិកាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភានេះ ។
លោកបន្ថែមថា បើទោះបីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ មិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរក្តី តែគ.ជ.ប មិនមានការព្រួយបារម្ភនោះទេ ព្រោះ គ.ជ.ប មានបទពិសោធន៍រួចហើយលើកិច្ចការងារនេះ។
បើតាម លោក សោម សូរីដា សម្រាប់ចុងឆ្នាំ ២០២៣ នេះ គ.ជ.ប មានភារកិច្ច និងការងារចម្បងចំនួន ២ ដែលត្រូវធ្វើ គឺការងារចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា។
សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ បាន ចេញសេចក្តីសម្រេចលេខ ៥៤សសរ កំណត់យកថ្ងៃអាទិត្យទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា៕