គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូន ឯកសារសំខាន់ៗទៅកាន់រាជធានី-ខេត្តនៅទូទាំងប្រទេសនៅព្រឹកនេះ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ផ្តើមដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ដូចជា ៖ បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ពីឃ្លាំង គ.ជ.ប ទៅប្រគល់ឲ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ហើយ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ Khmer CM នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ថា ការលើកដាក់សន្លឹកឆ្នោត និងសម្ភារៈបោះឆ្នោតនៅលើរថយន្ត ត្រូវបានធ្វើឡើង នៅឃ្លាំងរបស់គ.ជ.ប ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។

 

លោកបន្តថា ដោយឡែកនៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានដឹកចេញពីឃ្លាំង ធ្វើដំណើរតាមផ្លូវ៨ខ្សែ ឆ្ពោះទៅកាន់បណ្តាគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស ដោយមានកម្លាំងនគរបាលរបស់ក្រសួងមហាផ្ទៃនាំមុខផងដែរ ។

លោករំពឹងថា សន្លឹកឆ្នោត និងសម្ភារៈសម្រាប់បំរើឱ្យកាបោះឆ្នោតផ្សេងទៀត យ៉ាងហោចណាស់នៅពេលល្ងាចនេះ នឹងទៅដល់គោលដៅគ្រប់ខេត្តនៅទូទាំងប្រទេស៕