លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានប្រកាសថា ក្រុមអធិការការងាររបស់ក្រសួងនឹងចុះធ្វើអធិការកិច្ចការងារ ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ការប្រកាសរបស់ក្រសួងបែបនេះ ធ្វើឡើងបន្ទាប់ពីសន្ទុះនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បាននឹងកំពុងវាយលុកនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្ត បានធ្វើការក្រើនរំលឹកនិងដាក់ចេញនូវវិធានការនានាដើម្បីកាត់បន្ថយការចម្លងវីរុសមួយនេះ។
ទន្ទឹមនឹងគ្នានេះផងដែរ ក្រសួងបានក្រើនរំលឹកឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ទំនាក់ទំនងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករនិយោជិតនៅតាមទីតាំងណាមួយ ដែលមានភាពងាយស្រួលសម្រាប់កម្មករនិយោជិត។
ក្នុងនោះត្រូវជំរុញអប់រំផ្សព្វផ្សាយពួកគាត់ឱ្យយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយត្រូវផ្តល់នូវការឈប់សម្រាកមួយថ្ងៃ ដោយមានប្រាក់ឈ្នួលនៅពេលដែលពួកគាត់ត្រូវចាក់វ៉ាក់សាំងដូសជំរុញ។
បន្ថែមពីនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ជាពិសេស ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រ សហគ្រាស។ នេះបើតាមការបញ្ជាក់របស់ក្រសួង។
ក្រសួងបន្តថា ក្នុងនោះត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការ និងកាត់បន្ថយការប្រមូលផ្តុំកម្មករនិយោជិត ការលាងសម្អាតដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និងការតាមដានសុខភាពកម្មករនិយោជិត៕