អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកសកម្មភាពរបស់លោក ឌួង ងៀប ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន និងការស្រែកប្រកាសក្តែងៗពីភាពអយុត្តិធម៌ និងមានអំពើពុករលួយក្នុងដំណើរការរឿងក្តីរបស់ខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ថាគឺជាសកម្មភាពគេចវេះពីការទទួលខុសត្រូវរបស់លោក ខណៈដែលតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់លើសំណុំរឿងរបស់លោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ឌួង ងៀប នៅក្នុងតុលាការ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងលោក ឌួង ងៀប តុលាការកំពុងដំណើរការនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ: ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោករងការចោទប្រកាន់ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលមានដើមបណ្តឹងឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING ក្នុងទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក។
ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ខាងលើនេះ លោក ដួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក សរុបទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ តុលាការថា មូលប្បទានប័ត្រដែលលោក ឌួង ងៀប ចេញឱ្យដើមបណ្តឹងរដ្ឋប្បវេណីនោះគឺគ្មានសាច់ប្រាក់នោះទេ នៅពេលដែលដើមបណ្តឹងរដ្ឋប្បវេណីយកទៅបើកនៅធនាគារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួនទឹកប្រាក់ជាង៥លានដុល្លារអាមេរិក មកតម្កល់នៅគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីលោក ឌួង ងៀប ដែលត្រូវបានគេដឹងថា មានងារជាឧកញ៉ា និងជាអ្នកជំនួញដ៏ល្បីមួយរូបដែរនោះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចដើរចូលគុកដោយខ្លួនឯង បន្ទាប់ពីរូបលោកអះអាងថា លោករងភាពអយុត្តិធម៌ជាខ្លាំងនៅក្នុងដំណើរការនីតិវិធីនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្រោយលោករងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ឆបោកលុយជនជាតិតៃវ៉ាន់ ខណៈដែលលោកមិនជាប់ពាក់ព័ន្ធអ្វីទាល់តែសោះក្នុងរឿងនេះ។
ឈរនៅចំពីមុខខ្លោងទ្វារពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោក ឌួង ងៀប បានប្រកាសក្តែងៗថា “ខ្ញុំអស់លុយហើយ ឥឡូវតុលាការហៅខ្ញុំទៅសួរអី នាំខ្លួន ចាប់ខ្លួនអី ឥឡូវខ្ញុំចូលគុកខ្លួនឯងតែម្តងទៀត ចេញដីកាឃុំខ្លួនខ្ញុំចុះ”។ លោក ថា “ទៅដល់ទាល់តែកាន់លុយទៅបានរួចខ្លួន បើមិនអញ្ចឹងទេ រួចខ្លួនតែឥឡូវ ខែក្រោយទៀត។ ឥឡូវបើថាខ្ញុំខុស ធ្វើទៅ! យកខ្ញុំឃុំដាក់គុកម្តងទៅ!”។
ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”៕