សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារអាមេរិកសម្រាប់ធនាគារសហគ្រាសធុនតូច និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យ SMEs, វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ការសម្រេចរបស់សម្តេចបែបនេះ គឺធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ’ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
បើតាមក្រសួងសេដ្ឋកិច្ច ពិធីផ្សព្វផ្សាយស្តីពីការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕