ក្រសួងការបរទេសកម្ពុជា បានប្រកាសថា កម្ពុជាជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១០ កុម្ភៈនេះ។
ក្រសួង បន្តថា កិច្ចប្រជុំខាងលើនេះ នឹងធ្វើឡើងតាមរបៀបជាការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ សម្រាប់ភាគីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា។ កិច្ចប្រជុំនេះក៏នឹង ពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ត្រ ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់តែធ្ងន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។
ក្រសួង បានបន្តថា ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងនៅក្នុងតំបន់។
ក្នុងនោះការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស៕