បញ្ហា​គ្រឿងញៀន​ ៖​ សម្តេច ស ខេង ប្រាប់​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ធំៗ

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បង្កើន​ការ​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ធំៗ ដែល​សម្តេច​ថា ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​

​សម្តេច​ បានលើកឡើង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ​​ឆ្នាំ២០២២​។​

សម្តេច បាន​បញ្ជាក់​ថា “​ខ្ញុំ​ជឿថា សុំឱ្យ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​បន្ត​ជាមួយ​សហការី ​ធ្វើ​រឿង​ហ្នឹង​ឆែក​មើល​ទៀត​។ ភាគច្រើន​គឺ​គ្រឿងញៀន ពាក់ព័ន្ធ​គ្រឿងញៀន​”​។​

​ត្រង់ចំណុច​នេះ សម្តេច​ស្នើឱ្យ​វិស័យ​ឯកជន​ទាំងអស់ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ធ្វើការ​ពិនិត្យ​អ្នកបើកបរ​ទាំងអស់នេះ​។ សម្តេច បាន​សង្កត់ធ្ងន់ថា “​មិនតិច​ទេ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​”​។​

​សម្តេច បាន​បន្តថា យើង​ត្រូវ​រៀបចំ​បែបបទ​នីតិវិធី​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការងារ​នេះ និង​ការ​ចូល​រួម​សហការ​បែបណាខ្លះ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន​បន្ទាប់មក​ត្រូវ​រក​វិធី​ដោះស្រាយ​៕​