ការដ្ឋានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០%

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) សាងសង់សម្រេចបាន ៨០% នៃគម្រោង ខណៈតាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។ នេះ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ។

មន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថាស្ថានីយ៍នេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ។ គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន។
ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ត្រូវបានបើករដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២ គ្រឿង គឺ ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។

លោកបន្តថា សាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់ មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

លោកបន្ថែមថា សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ា មហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន “ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩។

បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះសម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន ៣០០.០០០.០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាការ រីករាលដាលជាសកល ជំងឺកូវីដ-១៩) នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ក្នុងតម្លៃគម្រោងគឺ ២.៣៤០.០០០.០០០ យ៉េនជប៉ុន បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ៕