ភ្នំពេញ ៖ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចំណាយថវិកាប្រមាណជា ៩៦៣,៣១០ ដុល្លារ។ នេះបើតាមលោក ប្រាជ្ញ ច័ន្អ ប្រធានគ.ជ. ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ ។
លោក ប្រាជ្ញ ច័ន្ទរៀបរាប់ពីដំណើរដើមទងពីទឹកខ្មៅសម្រាប់ការបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឲ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។
លោកបន្តថា ក្នុងគោលបំណងត្រួតពិនិត្យកាន់តែច្បាស់លាស់ ក្នុងខែមេសា ឆ្នាំ២០២៣ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញ ទៅចូលរួមសង្កេតមើលខ្សែសង្វាក់នៃការផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុនឯប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត (កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣)។
លោកថា ទឹកខ្មៅលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ដូចជា ៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន ២ដប , បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅ គ.ជ.ប មួយចំនួន ។
សម្រាប់តម្លៃវិញលោកប្រធានគូសបញ្ជាក់ថា “ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ ។ តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ”៕