ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោននៅខេត្តត្បូងឃ្មុំ នឹងអាចលក់ស្រូវស្ងួតបានតម្លៃខ្ពស់

ត្បូងឃ្មុំ ៖ ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអាចលក់ស្រូវស្ងួតបានតម្លៃខ្ពស់។

ក្នុងពិធីសម្ពោធដាក់ ឱ្យដំណើការ ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងអំពីសក្ខីភាពជាក់ស្តែងដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាព មានប្រាក់ចំណេញមាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ។

លោកកបន្តថា “ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០តោន។ ដូច្នេះយើងអាចលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យកាន់តែងតែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផល”។

លោក បញ្ជាក់ទៀតថា បន្ថែមលើនេះទៀត គឺការយកចិត្តទុកដាក់ឱ្យមានប្រឡាយទឹកសម្រាប់ធ្វើស្រែបានទាំងអស់គ្នា ព្រមទាំងការជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ មានទីផ្សារ មានទំនុកចិត្តពីអ្នកទិញ និងមានតម្លៃស្រូវខ្ពស់។

បើតាម លោកដ្ឋមន្ត្រីរូបនេះ នៅអាណត្តិក្រោយ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរបងប្អូនប្រជាណលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងកសិកម្មឱ្យបានទាន់ពេលវេលា ឱ្យមានការចំណាយតិច ចំណេញច្រើន មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច៕