លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលរួមអនុវត្តន៍ វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១០ កុម្ភៈនេះ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង។
ក្នុងសេចក្តីណែនាំចំនួនពីរទំព័រនេះ លោក ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដោយចុះទៅណែនាំទីតាំងដែលមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ដូចជានៅទីផ្សារនានា។ ដោយឡែកទីកន្លែងប្រមូលផ្តុំមនុស្សដូចជា កន្លែងរៀបចំពិធីការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្តសប្បាយផ្សេងទៀត គឺត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ។
ទន្ទឹមនឹងគ្នានេះ ត្រូវក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការកូវីដ១០ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗ ដើម្បីបង្កើនភាពរឹងមាំនៅក្នុងសហគមន៍ ដើម្បីចៀសវាងនូវមហន្តរាយសាធារណៈ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ថា បន្ទាប់ពីការចូលឆ្នាំចិន-វៀតណាមរួចហើយសង្កេតឃើញថា កម្ពុជា ថៃ វៀតណាម ក៏ដូចជាបណ្តាប្រទេសអាស៊ានដទៃទៀតគឺសុទ្ធតែមានការកើនឡើងការឆ្លងជំងឺកូវីដ១៩។ ត្រង់ចំណុចនេះ ប្រជាពលរដ្ឋត្រូវកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានារក្សានូវគម្លាតសុវត្ថិភាពសម្រាប់ការការពារការឆ្លង បើទោះបីជាមេរោគឆ្លងបច្ចុប្បន្ននៅកម្ពុជាពុំមែនជាមេរោគប្រភេទឌែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវឆក់យកជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដោយចុះ។ ប៉ុន្តែមេរោគអូមីក្រុងបានមកជំនួសជាមួយនឹងជំងឺ ដែលធ្លាប់មាន បើទោះបីជាជំងឺនេះវាស្រាល។
សម្តេច បានបញ្ជាក់ថា ”ពិតមែនតែជំងឺនេះ(អូមីក្រុង) ប្រៀបធៀបជាមួយឌែលតា និងអាល់ហ្វា ក៏ប៉ុន្តែបើការឆ្លងនេះនៅតែកើនឡើងខ្ពស់។ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដោយឥឡូវនេះខេត្តមួយចំនួនពុំមានករណីឆ្លងទេ។ ប៉ុន្តែករណីនៅទីក្រុងភ្នំពេញបែរជាមានចំនួនឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់”៕