សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជានៅព្រឹកថ្ងៃទី១០ កុម្ភៈនេះ នឹងចាកចេញពីកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ។ មុនដំណើរចាកចេញនេះ សម្តេច បានបន្តអំពាវនាវឱ្យពលរដ្ឋកម្ពុជាសូមបន្តការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ដែលបង្ហោះនៅថ្ងៃនេះ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះ ត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំ ដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។
បើតាមក្រសួងសុខាភិបាលកម្ពុជា ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើក្រុមយុវវ័យ និងវ័យកណ្តាល។
ក្រសួង បានបញ្ជាក់ថា សន្ទុះនៃការឆ្លងទៅលើក្រុមខាងលើនេះ គឺដោយសារតែក្រុមទាំងនេះបានដើរចេញក្រៅផ្ទះច្រើន និងមានការជួបជុំមិត្តភ័ក្ដិ ឬការជួបជុំគ្នាច្រើន។ ត្រង់ចំណុចនេះ ក្រសួងអំពាវនាវសូមឱ្យចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងទាក់ទងវិធានការសុខាភិបាលឱ្យបានម៉ត់ចត់ ដើម្បីការពារខ្លួន និងសមាជិកក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ១៩នេះ៕