រដ្ឋមន្ត្រីការបរទេស​ព្រុយ​ណេ ​គាំទ្រ​ពេញទំហឹង​ លោក ប្រាក់ សុខុន ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេស​ទី​២ ប្រទេស​ព្រុ​ណ​ណេ លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​៩ កុម្ភៈ​នេះ​។​

​ការប្រកាស​នេះ ​គឺធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ប្រាក់ សុខុន ជាមួយ​លោក​រដ្តមន្ត្រី​ការបរទេស​ទី​២ ប្រទេស​ព្រុយ​ណេ តាម​ប្រព័ន្ធ​វីដេអូ​ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៩ កុម្ភៈ​នេះ​។​

​ក្នុងជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ទី​២ ប្រទេស​ព្រុយ​ណេ លោក ប្រាក់ សុខុន បាន​ប្រាប់​ពី​ផែនការ​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​។​

​សម្រាប់​លោក ប្រាក់ សុខុន ដំណើរ​ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងពេល​ខាងមុខនេះ គឺធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែងរក​ច្រក ​និង​មធ្យោបាយ​ដែល​ធានា​បាន​នូវ​ការ ផ្តល់​ជំនួយ​មនុស្សធម៌ ប្រកបដោយ​សុវត្ថិភាព និង​ទា​ន់ពេលវេលា ដល់​ប្រជាជន​ទាំងអស់​នៅ​ប្រទេស​មួយ​នេះ ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាំងពីរ​មានការ​យល់ឃើញ​ដូចគ្នា​ពី​ភាព​ស្មុគស្មាញ​នៃ​ស្ថានភាព​នៅក្នុង​ប្រទេសមួយ​នេះ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​តាម​វិធីសាស្ត្រ​មួយ​ជំហាន​ម្តងៗ​។​

​ក្នុងនោះ​ភាគី​ទាំង​ពីរ បាន​ឯកភាពគ្នា​ថា អាស៊ាន​គួរតែ​បន្ត​បង្កើត​ដំណើរការ​សន្ទនា​មួយ​ប្រកបដោយ​បរិយាបន្ន ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹកនាំ ដើម្បី​បញ្ចប់​អំពើ​ហិង្សា ទប់ស្កាត់​មិន​ឱ្យ​លក្ខខណ្ឌ​មនុស្សធម៌​កាន់តែ​អាក្រក់ និង​ទទួល​បាន​នូវ​សន្តិភាព​យូរអង្វែង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា​៕​