កំពង់ឆ្នាំង៖ កម្មករម្នាក់បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមប្រភពឲ្យដឹងថា គ្រោះថ្នាក់នោះ គឺពេលដែលដឹកកម្មករចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ ដល់ចំណុចកើតហេតុមានម៉ូតូដួលនៅខាងមុខរថយន្ត ហើយរថយន្តចាប់ហ្វ្រាំងបន្ទាន់ទើបបណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង។ ប្រភពពីកម្មករបានឲ្យដឹងថា ជនរងគ្រោះបានបាត់បង់ជីវិតឈ្មោះ ព្រំ ឈើន ភេទស្រីរស់នៅនៅឯម្ដុំភូមិចា ឃុំទឹកហូត ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង ជាកម្មកររោងចក្រស្បែកជើង Tripos International Co. Ltd ចំណែកឯកម្មករដែលរងរបួសធ្ងន់ និងស្រាលផ្សេងទៀតត្រូវបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ក្រុងភ្នំពេញ។
យោងតាមផេកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ២៥ នាទីនៅចំណុចមុខប៉ុស្ដិនគរបាលរដ្ឋបាលសែប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥- ៦៧ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡេីងរវាងរថយន្តម៉ាកHYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខកំពង់ធំ 3A-0765 អ្នកបើកបរឈ្មោះហាន រ៉ា ភេទ ប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ(ឃាត់ខ្លួន)រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកកម្មករចំនួន ៥៧ នាក់ស្រី ៥៥ នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ពីទិសខាងត្បូងឆ្ពោះទិសខាងជើង។
របាយការណ៍ដដែលបន្តថា ពេលមកដល់ចំណុចខាងលើ ក៏បុកជាមួយម៉ូតូម៉ាកហុងដាC125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-2290 អ្នកបើកបរឈ្មោះ មាស បូរិទ្ធ ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែររស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៥ ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នាបណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ស្រី របួសមនុស្សចំនួន ៤២ នាក់ស្រី ៤០ នាក់ របួសធ្ងន់ ០១នាក់ស្រី ខូចម៉ូតូ០១គ្រឿងធ្ងន់ខូចរថយន្ត០១គ្រឿងស្រាល។
ចំពោះអ្នករងរបួសក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត៕