សម្តេច ស ខេង៖ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ ពិសេស ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ការថ្លែងរបស់សម្តេច ស ខេង ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្កខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលសម្តេចអញ្ជើញជាអធិតបី តំណាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។

សម្ដេចសង្កត់ធ្ងន់ថា ជាការពិតប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ ក៏ដូចជាជីវភាពសង្គមផ្សេងៗទៀតដែលបណ្តាលមកពីជំងឺឆ្លងរាលត្បាតកូវីដ-១៩ ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំពិសេសតាមរយៈការបន្តដាក់ចេញ និងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅពង្រឹងនូវប្រសិទ្ធភាពទាំងលើការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។

សម្តេច ស ខេងបន្ថែមទៀតថា ការងារ អនុវត្តច្បាប់បានពង្រឹងនូវប្រសិទ្ធភាពនៃការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់បានជាបន្តបន្ទាប់។

នឱកាសនោះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនគណៈអធីបតី និងអង្គពិធីដែលសម្ដេចបានអំពានវាវបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ពិសេស មាតា បិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់
ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។

លោក បន្ដថា គណៈបញ្ជាការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលនៅជាប់ជាមួយប្រជាជន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសពង្រឹងការចុះជាប់ជាមួយប្រជាជន បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈដែលតាមរយៈសកម្មភាពទាំងនោះ ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយឱ្យបានជាប្រចាំ ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិតរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន លើកទឹកចិត្តដល់ការគិតគូរ និងជួយគ្នាទៅវិញ ទៅមក ក្នុងការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន និងផ្ដល់នូវសេវាសុខភាព ដើម្បីទទួលបាននូវការព្យាបាលស្ដារនីតិសម្បទា បណ្ដុះបណ្ដាលបំណិនជីវិត និងការបង្ការខ្លួនពីការលាប់ឡើងវិញផងដែរ៕