ភ្នំពេញ ៖ អនុវត្តតាមបញ្ជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៤០នាទី កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតថ្នាំញៀននិងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។
អគ្គស្នងការដ្ឋាននគរបាលជាតិនៅយប់ថ្ងៃទី ២៩ ខែមិថុនា ឱ្យដឹងថា ការបង្ក្រាបនេះដឹងនាំដោយលោក សារី បុត្រសត្យា, លោក យឹម សែនឧត្ដម្ភ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក តឹក សូនី នាយការិយាល័យ,លោកវរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអាយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ជនសង្ស័យឈ្មោះ អ៊ូ ហ័រ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និង បាន ចាប់យកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀន០៣ប្រភេទ ទម្ងន់ : ២៣គីឡូក្រាម ៦៨៦ក្រាម ៦៧ មេតំហ្វេតាមីន ទម្ងន់ : ១៣២,៣៣ក្រាម, កេតាមីន ទម្ងន់ : ៩៨៤,29ក្រាម និង ប្រភេទ MDMA ទម្ងន់ ២២គក្រ. ៥៧០ក្រ.០៥)។ សារធាតុផ្សំមិនច្បាស់ ទម្ងន់ ១២២គីឡូក្រាម៩៣៤ក្រាម និង សម្ភារកែច្នៃមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕