លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាទាត់ចោលសំណើ របស់ក្រសួងកសិកម្ម ដែលបានស្នើកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់ សម្រាប់ការនាំចូលមកកម្ពុជា។ នេះបើយោងតាម លិខិតចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច។
សម្រាប់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្អែកលើការសិក្សារបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច រួមជាមួយភាគីពាក់ព័ន្ធផ្សេងទៀតនោះ បានបង្ហាញថា ការកើនឡើងថ្លៃសាច់ជ្រូកនៅលើទីផ្សារនេះ មួយផ្នែកដោយសារការកើនឡើងថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូក ដែលទាមទារឱ្យមានការអន្តរាគមន៍ជួយដោះស្រាយពលរដ្ឋ។
ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលរៀបចំការសិក្សាអំពីការវិភាគថ្លៃដើមនៃការចិញ្ចឹមជ្រូក និងបានបញ្ចប់សេចក្ដីព្រាងរបាយការណ៍ដោយក្នុងនោះមានវិធានការមួយចំនួន នឹង ចូលរួមចំណែកកាត់ បន្ថយថ្លៃដើមផលិតកម្ម។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដោយឡែកចំពោះការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់សម្រាប់កម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាក្នុងវិស័យជ្រូកជារួម និងម្យ៉ាងទៀត ធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុកដើម្បីធានាសស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ។
ទន្ទឹមនឹងគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មពិនិត្យលទ្ធភាពការឯកភាពពីចំណុចសំខាន់ៗ រួមមាន ៖ ឯកភាពលើការផ្តួចផ្តើមការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកកម្ពុជា និងការចាត់តំណាងក្រសួងកសិកម្មមកចូលរួមផ្តល់យោបល់ និងធាតុចូលបន្ថែមលើយន្តការដេញថ្លៃនាំចូលជ្រូកផ្គត់ផ្គង់មកកម្ពុជាផងដែរ៕