បណ្ឌិត Sobhita ៖ សម្តេច ហ៊ុនសែន ពិតជា​សក្ដិសម​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២

ក្នុង​លិខិត​ផ្ញើជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត Sobhita ប្រធាន​មជ្ឈមណ្ឌល​ពុទ្ធ​សាស្ត្រ​អប់រំ​ប្រចាំ​មី​យ៉ាន់​ម៉ា និង​ហូ​ឡង់ បាន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្តេច ហ៊ុន សែន ពិតជា​សក្ដិ​សម​នឹង​ទទួលបាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២​នេះ ដែល​ផ្តល់ជូន​ដោយ​សហព័ន្ធ​សន្តិភាព​សកល​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ការ​ទទួលបាន​ពានរង្វាន់​នេះ គឺ​ដោយសារតែ​សម្តេច​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួមទាំង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត Sobhita នៅក្នុង​លិខិត​ដដែល​នេះ​។​

​យោងតាម​លិខិត​របស់លោក Thomas G. Walsh ប្រធាន​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​បាន​ផ្ញើជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការផ្តល់ជូន​ពានរង្វាន់​សន្តិភាព​នេះ​ដល់​សម្តេច ហ៊ុន សែន គឺ​ដោយសារតែ​ការដឹកនាំ​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។

​លោក បន្តថា ការដឹកនាំ​របស់​សម្តេច​ ពិតជា​បានរួម​ចំណែក​ដល់​ការ​កសាង​ស្ថិរភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិភាព​នៅ​ក្នុង​កម្ពុជា និង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។​

​សូម​ជម្រាប​ជូន​ថា ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​នេះ​ ត្រូវបាន​បង្កើតឡើង​ដើម្បី​ទទួលស្គាល់​ឥស្សរជន និង​ស្ថាប័ន​នានា ដែល​បាន​បម្រើ​មនុស្សជាតិ ដែល​អាច​ជា​គំរូ​មួយ​ធ្វើឱ្យ​ពិភពលោក​កាន់​តែមាន​ភាព​ប្រសើរឡើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​គឺជា​ពានរង្វាន់​សន្តិភាព​អន្តរជាតិ ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​រំឭក​ដល់​ទស្សនវិស័យ​សន្តិភាព​របស់​ស្ថាបនិក គឺ​លោក ស៊ុន ម្ស៉ុ​ន​មូ​ន និង​លោកស្រី បណ្ឌិត ហាក់ ចា ហាន់ មូ​ន​៕