ព្រៃវែង៖ ក្រុមការងារចម្រុះ DELTA23 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មដោយអគ្គិភ័យឆាប់ឆេះផ្ទះស្លឹកនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុខេត្តព្រៃវែងបណ្តាលឱ្យក្មេងអាយុ២ឆ្នាំ និងម្តាយស្លាប់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឆ្លើយតបនៅកន្លែងកើតហេតុ។ បន្ទាប់ពីបានពន្លត់អគ្គីភ័យរួចរាល់ សាកសពក្មេងអាយុ២ឆ្នាំ និងសាកសពម្តាយត្រូវបានរកឃើញនៅក្នុងភ្នក់ភ្លើង។
អង្គភាពការពារកុមារ (CPU) បាន ឱ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនានេះថា ខ្លួនបានទទួលដំណឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ហើយក៏បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) ដោយមានការចូលរួមជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ការពិនិត្យកោសល្យវិច័យយ៉ាងលម្អិតត្រូវបានធ្វើឡើងទៅលើកន្លែងកើតហេតុ និងសាកសព ហើយជាលទ្ធផលបានរកឃើញចំណុចដែលមិនប្រក្រតី និងគួរអោយសង្ស័យជាច្រើន។ ក្រុមការងារចម្រុះត្រូវបានបង្កើតឡើងរវាងក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអង្គភាពការពារកុមារ (CPU) ដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងហេតុនេះ។ ភស្តុតាងជាច្រើនត្រូវបានប្រម៉ែប្រម៉ូលពីកន្លែងកើតហេតុ ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្រ្តបន្ត៕