ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងថា រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ខណៈដែលសម្ដេច ស ខេង ឧបនាយកដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាល នឹងឡើងការពារវិសោធនកម្មច្បាប់នេះនៅថ្ងៃស្អែក។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពេលសម្តេច បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សម្តេច ហ៊ុន សែន បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មិនមែនគ្រាន់តែកែទម្រង់ អ្នកឈរឈ្មោះ ឱ្យគេបោះឆ្នោតនោះទេ ប៉ុន្តែ ត្រូវតែមានវិធានការមួយដើម្បីការពារ ដើម្បីដំណើការបោះឆ្នោតទាំងមូល ចាប់តាំងពីការចុះឈ្មោះ រហូតដល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងការបោះឆ្នោត កុំឱ្យក្រុមមប្រឆាំងដែលមានបំណងប្រជាធិបតេយ្យនៅក្នុងប្រទេស ។
សម្ដេច បន្តថា បន្ទាប់ពីមានការប្រតិកម្ម នានាតាមច្បាប់ ក្រុមប្រឆាំងកំពុងតែមានភាពជ្រួលច្របល់ថា ពួកគេនឹងធ្វើអ្វីបន្តទៀត។ ទោះជាយ៉ាងណា យើងត្រូវតែធ្វើសកម្មភាព ដោយមិនអត់ឱនឱ្យ ចំពោះជនណា ក៏ដោយ ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
សម្តេច ថ្លែងថា៖ “ ថ្ងៃស្អែក សម្តេចក្រឡាហោម និងឯកឧត្តម កើត រិទ្ធ នឹងទៅការពារជាមួយគណៈកម្មការសភា និងឆ្លងកាត់ការប្រជុំ ហើយបើតាមគម្រោងគឺថ្ងៃទី២៣ ខែមិថុនា សភានឹងប្រជុំហើយ សម្តេចក្រឡាហោមនិង ឯកឧត្តម កើត រិទ្ធ នឹងការពារច្បាប់នេះ” ។
បើតាមសម្តេច ហ៊ុន សែន នៅពេលដែលច្បាប់នេះ ចូលជាធរមាន សម្តេច នឹងដឹងថា អ្នកណា មិនទៅបោះឆ្នោត ប៉ុន្តែសម្តេច អំពាវនាវ ឱ្យក្រុមប្រឆាំងទាំងនោះ កុំទៅបោះឆ្នោត ព្រោះពហិការ មិនទៅបោះឆ្នោត របស់ក្រុមនោះ ស្មើនឹងសម្លាប់សិទ្ធិ នយោបាយរបស់ខ្លួនប៉ុណ្ណោះ៕