លោក ឌួង ងៀប ដែលត្រូវបានគេដឹងថា មានងារជាឧកញ៉ា និងជាអ្នកជំនួញដ៏ល្បីមួយរូបដែរនោះ នៅថ្ងៃទី៨ កុម្ភៈនេះ បានសម្រេចដើរចូលគុកដោយខ្លួនឯង បន្ទាប់ពីរូបលោកអះអាងថា លោករងភាពអយុត្តិធម៌ជាខ្លាំងនៅក្នុងដំណើរការនីតិវិធីនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្រោយលោករងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ឆបោកលុយជនជាតិតៃវ៉ាន់ ខណៈដែលលោកមិនជាប់ពាក់ព័ន្ធអ្វីទាល់តែសោះក្នុងរឿងនេះ។
ឈរនៅចំពីមុខខ្លោងទ្វារពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី៨ កុម្ភៈ លោក ឌួង ងៀប ដែលជាអ្នកជំនួញដ៏ល្បីមួយរូបក្នុងសង្គមកម្ពុជានោះ បាននិយាយថា “ខ្ញុំអស់លុយហើយ ឥឡូវតុលាការហៅខ្ញុំទៅសួរអី នាំខ្លួន ចាប់ខ្លួនអី ឥឡូវខ្ញុំចូលគុកខ្លួនឯងតែម្តងទទៅ ចេញដីកាឃុំខ្លួនខ្ញុំចុះ”។
លោក បានបញ្ជាក់ថា “ទៅដល់តុលាការទាល់តែកាន់លុយទៅបានរួចខ្លួន បើមិនអញ្ចឹងទេ មិនរួចខ្លួនទេ រួចឥឡូវតែខែក្រោយទៀតគេកោះហោទៀត។ ឥឡូវបើថាខ្ញុំខុសធ្វើទៅ យកខ្ញុំឃុំដាក់គុកម្តងទៅ”។
សម្រាប់លោក ឌួង ងៀប តុលាការបានចោទប្រកាន់លោកពាក់ព័ន្ធនឹងការឆបោកលុយជនជាតិតៃវ៉ាន់។ ត្រង់ការចោទប្រកាន់នេះលោកខ្លួនឯងបានបដិសេធចោទទាំងស្រុង ដោយលោកថា “លោកមិនដែលបានទៅរកស៊ីជាមួយចិនតៃវ៉ាន់ទាំងអស់នោះទេ”។
លោកសំណូមពរឱ្យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតុលាការកំពូលកម្ពុជា ជួយរកយុត្តិធម៌ជូនលោកពាក់ព័ន្ធនឹងករណីនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានខ្មែរឈានមុខ នៅថ្ងៃដដែលនេះ បានសុំការបំភ្លឺពីលោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមប្រព័ន្ធតេឡេក្រាម។ ប៉ុន្តែលោកមិនទាន់បានឆ្លើយតបនៅឡើយនោះទេពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក ឌួង ងៀបខាងលើនេះ។
នៅល្ងាចថ្ងៃដដែលនេះដែរ សារព័ត៌មានខ្មែរឈានមុខ បានសុំការបំភ្លឺបន្ថែមទៀតពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញរឿងរ៉ាវខាងលើនេះ ប៉ុន្តែទូរស័ព្ទតេចូលមិនមានអ្នកលើក។
ព័ត៌មានរបស់លោក ឌួង ងៀប ត្រូវបានបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការចែករំលែកយ៉ាងខ្លាំងក្លានៅលើបណ្តាញទំនាក់ទំនងសង្គម ដែលអាចចាត់ទុកថា ជាព័ត៌មានដ៏រសើបនិងមានអ្នកចង់ដឹងច្រើន។
តែទោះបីជាយ៉ាងណា គេកំពុងរង់ចាំមើលថាតើដំណើរការសាច់រឿងរបស់លោក ឌួង ងៀប ទៅជាអ្វីបន្តទៀត បន្ទាប់ពីលោកបានបើកកកាយជាសាធារណៈពាក់ព័ន្ធនឹងភាពអយុត្តិធម៌របស់លោកនៅក្នុងប្រព័ន្ធតុលាការ៕