ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងថា ឆ្មាដាវ ត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។ ក្រសួងថា ឆ្មាដាវ មានឈ្មោះអង់គ្លេស៖ Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus begalensis។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងដែលបានបង្ហោះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួង បានបន្តថា ឆ្មាដាវ មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅ និងមានឆ្នូត៥-៦។ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។
ក្រសួង បានបន្ថែមទៀតថា សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ព្រមទាំងព្រៃដាំ ។ ដោយឡែកអាហាររបស់វាមានដូចជា បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែងជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។ វាជាសត្វពូកែហែលទឹកណាស់។ វាអាចបន្តពូជបានពេញមួយឆ្នាំ។ មានរយៈពេលពពោះពី៦៥ថ្ងៃទៅ៧២ថ្ងៃ និងអាចកើតកូនម្តងបានពី១ទៅ៤ក្បាល។
ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងមានចុះបញ្ជីក្រហមIUCN ថាជាប្រភេទរងគ្រោះតិចតួច។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន៕