ក្រសួងពាណិជ្ជកម្មដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បី ឆ្លើយតបនិន្នាការថ្មីៗ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជនដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ លោក ឱម តារាឫទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មថ្លែងអំពីការអនុវត្តការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍន៏ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបានសម្រេចបាននាពេលកន្លងមក និងលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រាំទ្រដល់ការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន INTECH DEV CO., LTD. និងបានអនុវត្តដោយជោគជ័យនូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយកត់សម្គាល់ឃើញថា ក្រុមការងារពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងល្អរហូតសម្រេចបានសមិទ្ធផលគួរជាទីមោទន ដោយទទួលបានទំនុកចិត្តពីអាជីវករយ៉ាងច្រើនមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ នាពេលកន្លងមក។

លោកបន្តថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាយើងកំពុងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជនដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងអនុក្រឹត្យលេខ១៣៤អនប្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។

យោងតាមច្បាប់និងអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាលបានប្រគល់ភារៈកិច្ចឱ្យក្រសួងពាណិជ្ជកម្មក្នុងការគ្រប់គ្រង និងផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្មបានចេញប្រកាសស្តីពីការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មកម្លេះ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីរូបនេះបាន រំលឹកថា កន្លងមក អ្នកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវជាទម្រង់ក្រដាស (Hard Copy) បង់កម្រៃសេវា និងទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជាទម្រង់ក្រដាស (Hard Copy) ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវចំណាយពេលវេលាយូរ និងថវិកាថែមពីលើកម្រៃសេវាដែលត្រូវបង់ជូនរដ្ឋ។

ទន្ទឹមនឹងការអនុវត្តនេះ ក្រសួងពាណិជ្ជកម្មបានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណរួចរាល់ក្នុងគោលបំណងផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងកាត់បន្ថយថវិកាថែមពីលើកម្រៃសេវាសាធារណៈ ស្របតាមការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មលើការផ្ដល់សេវាសាធារណៈទាំងអស់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកន្លងមកមានសេវាចុះបញ្ជីពាណិជ្ជកម្ម សេវាចុះបញ្ជីម៉ាក សេវាចេញវិញ្ញាបនបត្រប្រភពដើមទំនិញ និងសេវាតម្កល់លិខិតជូនដំណឹងប្រតិបត្តិការមានការធានា។ លើសពីនេះ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក៏បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មនេះឡើង រហូតមកដល់ថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃនេះ។

លោកបានបញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មានពីរដំណាក់កាលគឺ ដំណាក់កាលទី១ សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ និងដំណាក់កាលទី២ សម្រាប់ការស្នើសុំកែប្រែផ្សេងៗ ហើយក្រុមការងារបានរៀបចំរួចរាល់ ១០០% សម្រាប់ដំណាក់កាលទី១ ដែលនឹងអាចដាក់តភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យា CamDX ផងដែរ, ចំពោះដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍បន្ទាប់ពីបានតភ្ជាប់ដំណាក់កាលទី១ជាមួយថ្នាលបច្ចេកវិទ្យា CamDX រួចរាល់។

បើតាម លោក ប៉ាន សូរស័ក្តិ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣ នៃចតុកោណទី២ ស្ដីពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១–២០៣៥ ក្រសួងពាណិជ្ជកម្មបានធ្វើការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ផ្ដល់សេវាសាធារណៈដូចខាងលើរួចរាល់ជាស្រេច និងបានដាក់បញ្ជូលសេវាចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ក្នុងដំណាក់កាលទី១ដែលមានស្ថាប័នតែ៣ប៉ុណ្ណោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សេវាផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ដំណាក់កាលទី៣។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបង្ហាញនូវក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងក្លាយជាផ្នែកមួយនៃការជុំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែប្រសើរឡើង៕