បាត់ដំបង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុករតនមណ្ឌល បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានមករាយការណ៍ជូនសមត្ថកិច្ចចំនួន ០២ករណីផ្សេងគ្នា។
ករណីទី១ នៅចំណុចបឹងបួតាកោ ស្ថិតក្នុងភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្បែរដំបូកស្រែ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលហប់ នៃអធិការដ្ឋាននគរបាលស្រុក គាស់ក្រឡ។ សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ 60mm ចំនួន ០២គ្រាប់ និងបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ករណីទី២ នៅចំណុចភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ហើន ហេន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅខាងក្រោយផ្ទះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ 60mm ចំនួន ០១គ្រាប់ និងមីនPMN2 (សញ្ញាលេខបូក) ចំនួន ០១គ្រាប់ និងបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
នគរបាលស្រុកគាស់ក្រឡ និងស្រុករតនមណ្ឌលអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕