ខេត្តព្រះសីហនុព្រមានចាត់វិធានការក្រុមអនាធិបតេយ្យដែលបានលួចកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតានៅស្រុកព្រៃនប់

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការចំពោះក្រុមអនាធិបតេយ្យដែលបានលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនានេះ ឱ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីឧទ្យានុរក្ស នៃតំបន់ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សហការជាមួយមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិសមុទ្រព្រះសីហនុ រាម បានចុះទៅធ្វើការអប់រំណែនាំឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

បើតាមសេក្តីប្រកាសព័ត៌មាននេះ រហូតមកដល់ពេលនេះ ក្រុមអនាធិបតេយ្យខាងលើ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទមបន្ថែម ជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះទៅធ្វើការរៀបចំសណ្តាប់ធ្នាប់ ដើម្បីយកទីតាំងខាងលើទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។

ក្រោយពីបានស្តាប់នូវការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្ត្រីជំនាញ ក្រុមអនាធិបតេយ្យទាំងអស់ខាងលើ បានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី ដែលជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្របសម្រួលផ្តល់មធ្យោបាយដឹកជញ្ជូនមនុស្ស និងសម្ភារចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗខ្លួនវិញផងដែរ។

សូមបញ្ជាក់ថា សកម្មភាពរបស់ក្រុមអនាធិបតេយ្យខាងលើនេះ គឺជាការឆ្លៀតឱកាសក្នុងពេលដែល អាជ្ញាធរកំពុងមានភាពមមាញឹកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងការរៀបចំដំណើរការន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាពេលខាងមុខ។

យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤ នៃ “ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ” សកម្មភាពកាប់ រានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥.០០០.០០០រៀល ដល់១៥០.០០០.០០០រៀល ហើយក្នុងករណ៏មិន រាងចាលត្រូវផ្តន្ទាទោសទ្វេដង។

រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយណាដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ ដោយនាំយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ឱ្យខានតែបាន៕