សមាគមអភិវឌ្ឍន៍លំនៅឋានបើកកិច្ចប្រជុំរកដំណោះស្រាយករណីរឹបអូសផ្ទះរបស់អតិថិជន

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ស្តីពី “ការផ្អាកបណ្ដោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាមនីតិវិធីដោយធ្វើឥណទានឡើងវិញ” នៅការិយាល័យប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ។

កិច្ចប្រប្រជុំពិភាក្សានេះធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ លោក លឹម វិសាល តំណាង លោក សុខ ចិន្តាសោភា ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កិច្ចប្រជុំពិភាក្សានេះផ្តោតលើ បៀបវារៈ៖ ១.សមាជិក-សមាជិកាធ្វើរបាយការណ៍អំពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងបុរី របស់ខ្លួនអំពីការរឹបអូសផ្ទះរបស់អតិថិជន ២.វិធានការ និងដំណោះស្រាយសម្រាប់ក្រុមហ៊ុន និងអតិថិជន អំពីការរឹបអូសផ្ទះរបស់អតិថិជន ៣.ចំណាត់ការរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៤.បញ្ហាប្រឈម និង ៥.សំណូមពរផ្សេងៗ។

អនុវត្តតាមប្រសាសន៍ណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២ ភ្លាមៗ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យអតិថិជនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ ដោយយកឯកសារខាងក្រោមនេះភ្ជាប់មកជាមួយ៖ កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) អត្តសញ្ញាណបណ្ណអតិថិជនទិញផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) និង កូពីវិក្កយបត្រឬឯសារដែលបញ្ជាក់ពីការបង់ថវិកាជូនម្ចាស់បុរីតាំងពីលើកដំបូងរហូតដល់លើកចុងក្រោយ ១ច្បាប់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានអាស័យដ្ឋាន នៅខាងកើតជាប់វត្តភ្នំ ដែលទាក់ទងតាមលេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩។

សូមរំលឹកថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាត្រូវបានម្ចាស់បុរី ឬផ្ទះលែងរឹបអូសផ្ទះ ព្រោះតែគ្មានលទ្ធភាពបង់បន្ត សូមទាក់ទងទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីស្រង់យកទិន្នន័យច្បាស់លាស់ ជាក់លាក់ ងាយស្រួលដោះស្រាយបញ្ហាជូន។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ស្នើទៅម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។ សម្តេចក៏បានស្នើឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរីផងដែរ៕