ភ្នំពេញ៖ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានរៀបចំកសាង និងដាក់អោយប្រើប្រាស់នូវក្របខណ្ឌគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ រួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣០ និងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ដើម្បីឆ្លើយតប និងគាំទ្រនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលខាងលើ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយះពេល៥ឆ្នាំ (២០២៣-២០២៧) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិអោយកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។
បើតាមក្រសួងមហាផ្ទៃ ការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧នេះ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងដឹកនាំតម្រង់ទិស និងយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដឹកនាំដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ លោក ខៀវ សុភ័គ រដ្ឋលេខាធិការទទួលបន្ទុក និងលោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយសមាជិកតំណាងមកពីអគ្គនាយកដ្ឋានក្រោមចំណុះ និងក្រុមការងារនៃលេខាធិការដ្ឋាន ដែលជាក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាក្រុមការងារស្នូលក្នុងការសិក្សាស្រាវជ្រាវ និងប្រមូល ចងក្រងធាតុចូល ដើម្បីរៀបចំខ្លឹមសារសម្រាប់តាក់តែងនូវផែនការយុទ្ធសាស្ត្រនេះលេចចេញជារូបរាងរហូតទទួលបានការឯកភាពសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការពី សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជម្រាបជូនបន្ថែមដែរថា ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះមាន ០៦យុទ្ធសាស្រ្តសំខាន់ៗរួមមាន៖ ទី១.យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្ស និងបញ្រ្ជាបចំណេះដឹង, ទី២.យុទ្ធសាស្រ្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ, ទី៣.យុទ្ធសាស្រ្តពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), ទី៤.យុទ្ធសាស្រ្តស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា, ទី៥.យុទ្ធសាស្រ្តពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ, ទី៦.យុទ្ធសាស្រ្តអភិបាលកិច្ចបច្ចេកវិទ្យា៕