បំភ្លឺទៀតហើយ! ករណីបុរសម្នាក់បបួលសមត្ថកិច្ចអុជធូបស្បថស្បែរនៅថ្ងៃនេះ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបំភ្លឺ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសបុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចអុជធូបស្បថស្បែរនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាការចុះផ្សាយព័ត៌មានមិនពិត។

យោងតាមសេក្តីបំភ្លឺនៅថ្ងៃទី១២ ខែមិថុនានេះ ឱ្យដឹងថា កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រហូតដល់វេលាម៉ោង ៨:៣៥នាទី មានម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2KC-6305 ជិះឌុបគ្នា០២នាក់ ដោយមិនមានពាក់មួកសុវត្ថិភាពឡើយ។

សេក្តីបំភ្លឺដដែលបន្តថា ពេលឃើញដូចនោះសមត្ថកិច្ចក៏បានហៅម៉ូតូឲ្យឈប់ដើម្បីធ្វើការណែនាំអប់រំ ដោយមិនបានធ្វើការផាក់ពិន័យនោះទេ ប៉ុន្ដែពេលសមត្ថកិច្ចធ្វើការណែនាំនោះ ស្រាប់តែបុរសដែលអង្គុយខាងក្រោយមានការខឹងជាមួយសមត្ថកិច្ច ក៏បានយកទូរស័ព្ទដៃថតសមត្ថកិច្ច រួចទៅយកធូបដុត ដោយហៅសមត្ថកិច្ចឲ្យស្បថថាឲ្យងាប់ទាំងក្រុមដោយចោទថា សមត្ថកិច្ចបបួលគាត់វាយគ្នាមួយស្មើ ជាក់ស្តែងសមត្ថកិច្ចមិនបានឈ្លោះប្រកែកជាមួយគាត់ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានអនុញ្ញាតឲ្យគាត់បន្ដដំណើរទៅមុខទៀតដោយមិនបានធ្វើការផាកពិន័យ ឬយកលុយពីគាត់នោះទេ។

សូមបញ្ជាក់ថា កន្លងមកបុរសខាងលើក៏ធ្លាប់បង្កជម្លោះជាមួយសមត្ថកិច្ច ចំនួន០៣លើករួចមកហើយ (ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ, ខណ្ឌដង្កោ)។ បន្ទាប់ពីបានឃើញបុរសខាងលើធ្វើការឡាយវីដេអូមិនពិតចោទប្រកាន់មកមន្ត្រី សមត្ថកិច្ចក៏បានធ្វើការកោះហៅបុរសខាងលើឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ក្រោយពីសាកសួររួចបុរសខាងលើបានសារភាពទទួលកំហុសចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានថតរូបភាពសមត្ថកិច្ចយកទៅផុសខុសពីការពិតប្រាកដមែន តាមពិតសមត្ថកិច្ចមិនបានបបួលខ្លួនវាយគ្នា និងមិនបានផាកពិន័យខ្លួនឡើយ គឺសមត្ថកិច្ចគ្រាន់តែហៅខ្លួនណែនាំតែប៉ុណ្ណោះ រួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា និងណែនាំអប់រំ រួចឲ្យវិលត្រលប់ទៅផ្ទះវិញ៕