បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ ពលរដ្ឋ​កម្ពុជា​ អាច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅពេល​ខាងមុខនេះ​ជា​ប្រក្រតី

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ បាន​ខកខាន​ប្រារព្ធ​ក្នុង​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​០២​ឆ្នាំ​ជាប់ៗ​គ្នា​ពោល គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និយាយ​ដោយឡែក​សម្រាប់​នៅ​កម្ពុជា និង​និយាយ​ជារួម​គឺ​ក្នុង​ក្របខណ្ឌ​សកលលោក​។ ប៉ុន្តែ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០២២​នេះ អាច​នឹងត្រូវ​ប្រារព្ធ​ឡើងជា​ប្រក្រតី​ដែល​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អាចមាន​ការជួប​ជុំគ្នា​បាន តែ​ត្រូវគោរព​នូវ​វិធានការ​សុខាភិបាល​ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ពី​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ​នេះ ក្នុង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ឆ្ពោះទៅកាន់​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ឆ្នាំ​២០២២​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ឱ្យ​ខាន​តែ​បាន បន្ទាប់ពី​ខកខាន​ពីរ​ឆ្នាំ​ហើយ​នោះ​។​

​សម្តេច បាន​បញ្ជាក់ថា “​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​ដើរ​ថយក្រោយ ខាន​ចូលឆ្នាំ​ពីរ​ឆ្នាំ​ហើយ ឥឡូវ​ឆ្នាំនេះ​គឺ​ប្តូរផ្តាច់​ចូលឆ្នាំ នាំគ្នា​រាំ​លេង​ឱ្យ​សប្បាយ​ទៅ​។ ប៉ុន្តែ​រាំលេង​ឱ្យ​ឃ្លាត​ពីគ្នា​បន្តិច​”៕​