ក្នុងរយៈពេល៧ខែកន្លងទៅនេះ កម្ពុជាផលិតបានមាសទម្ងន់ ១.៧៥១គីឡូក្រាម ក្នុងនោះមួយសប្តាហ៍កម្ពុជាអាចផលិតមាសចន្លោះពី៨០ទៅ១០០គីឡូក្រាម ដែលចំនួននេះកាន់តែច្រើនឡើងៗ ។ មាសទាំងនេះត្រូវបានផលិតចេញពីក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី៧ កុម្ភៈនេះ សម្តេច បានបញ្ជាក់ថា “ខ្ញុំគួរតែនិយាយថាមាសដែលយើងផលិតនៅក្នុងខេត្តមណ្ឌលគិរីប្រមាណជាង៧ខែ យើងផលិតបានចំនួន ១.៧៥១គីឡូ”។ ត្រង់ចំណុចនេះ សម្តេច បានសង្កត់ធ្ងន់ថា “អញ្ចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ចនៅទិសឦសាន គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង”។
ពាក់ព័ន្ធនឹងបញ្ហារ៉ែមាសនេះដែរ សម្តេច បានលើកឡើងថា កម្ពុជាមិនទាន់ស្រាវជ្រាវអស់នៅឡើយនោះទេ ដោយកម្ពុជានៅមានរ៉ែច្រើនប្រភេទទៀត ដូចជារ៉ែបុកស៊ីត ធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀតដោយមិនទាន់បានប្រើប្រាស់នៅឡើយនោះទេ។
គួររម្លឹកជូនថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ការដាក់ឱ្យដំណើរការនេះ គឺបន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក នៅពេលដែលកម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា នៅពេលដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក៕