សម្តេច ហ៊ុន សែន ​៖ រាជរដ្ឋាភិបាល​មាន​គោលដៅ​បង្កើតឱ្យមាន​ប៉ូល​សេដ្ឋកិច្ច​ចំនួន​បួន បន្ទាប់ពី​ប៉ូល​សេដ្ឋកិច្ច​ចំនួន​បី​ចេញ​ជា​រូបរាង​ហើយ​នោះ

ពី​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ឆ្ពោះទៅកាន់​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​សម្តេច​បានកំណត់​គោលដៅ​បង្កើតឱ្យមាន​ប៉ូល​សេដ្ឋកិច្ច​ចំនួន​បួន បន្ទាប់ពី​ប៉ូល​សេដ្ឋកិច្ច​ចំនួន​បី​ចេញ​ជា​រូបរាង​ហើយ​នោះ​រួមមាន​៖ ទី​១.​រាជធានី​ភ្នំពេញ​, ទី​២.​ខេត្ត​ព្រះសីហនុ​,​ទី​៣.​ខេត្តសៀមរាប និង​៤.​ប៉ូល​សេដ្ឋកិច្ច​នៅ​ភូមិភាគ​ឦសាន​កម្ពុជា​។​

​សម្រាប់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ប៉ូល​សេដ្ឋកិច្ច​ទី​បួន​នៅ​ភូមិភាគ​ឦសាន​នេះ គឺជា​ពាក់ព័ន្ធ​នឹង​កសិឧស្សាហកម្ម និង​ធនធាន​រ៉ែ​។ សម្តេច ថា ដូច្នេះហើយ​បានជា​សម្តេច​ដាក់​សំណើ​ឱ្យមាន​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តស្ទឹងត្រែង​ជា​ជំហាន​បឋម​ ហើយ​ជំនួយ​របស់​ប្រទេស​ចិន​ក៏បាន​ជួយ​នៅពេល​នោះដែរ​។​

​សូម​រម្លឹក​ជូន​ថា កាលពីពេល​កន្លងទៅនេះ សម្តេចនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​លើកឡើងថា ប៉ូល​សេដ្ឋកិច្ច​ទី​៤ នៅ​ភាគ​ឦសាន មានន័យថា ក្បាល​នាគ​កំរើក​នៅ​ខេត្ត​ព្រះសីហនុ ទ្រូង​នាគ ឬ​ជើង​មុខ​កំរើក​នៅ​រាជធានី​ភ្នំពេញ ពោះ​នាគ ឬ​ជើង​ក្រោយ​កំរើក​នៅ​ខេត្តសៀមរាប និង​បន្តិចទៀត​កន្ទុយ​នាគ​កំរើក​នៅ​ខេត្ត​ភាគ​ឦសាន។ ប៉ូល​សេដ្ឋកិច្ច​ទី​៤ នៅ​ភូមិភាគ​ឦសាន នេះ​គឺ​គ្របដណ្តប់​នៅក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ៕