បើគ្មានអ្វីប្រែប្រួលនោះទេ សិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ប្រមាណ១.៧៥៣នាក់ នឹងមានឱកាសចូលជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី៧ កុម្ភៈនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេច បានសម្រេចជ្រើសរើសយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជួបសិស្ស ដែលប្រឡងជាប់និទ្ទេស A កាលពីពេលកន្លងទៅថ្មីៗនេះ។ សម្តេច ថា មុនដំបូងតាមការគ្រោងទុកគឺយកតែសិស្សនិទ្ទេស A តែអ្នកខេត្តកណ្តាល និងភ្នំពេញទេ ដើម្បីជួបនៅទីក្រុងភ្នំពេញ ដោយឡែកសិស្សនៅតាមបណ្តាខេត្តផ្សេងត្រូវធ្វើតាមអនឡាញ។
សម្តេច បានបន្តថា ប៉ុន្តែដោយគិតថា ទាំងអភិបាលខេត្ត ដែលបានឧបត្ថម្ភសិស្សនិទ្ទេស A ទាំងក្រុមការងារដែលចុះតាមបណ្តាខេត្ត ទាំងកូនសិស្ស ទាំងឱពុកម្តាយ ចង់ទៅទីក្រុងភ្នំពេញ ហើយសិស្សត្រឹមតែជាង ១.៧០០នាក់ ថែមទាំងក្រុមគ្រួសារទៀត គឺអាចទទួលរៀបចំនៅភ្នំពេញបាន បើទោះបីជាឥលូវនៅទីក្រុងភ្នំពេញ មេរោគអូមីក្រុង វាបានកើនឡើងបន្តិចក៏ដោយ។
សូមបញ្ជាក់ជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥ ២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២នាក់)។
ក្នុងចំណោមបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ បេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕