ភ្នំពេញ៖គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃកម្ពុជា នឹងត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅទី០៧ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។
ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល ពីឆ្នាំ២០២២កន្លងទៅនេះ។ ក្រៅពីការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ ស្ពាន ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោម សមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជាគឺសម្តេច នាយករដ្ឋមន្ត្រី និងការចូល រួមចំណែកមិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។
លោកបន្តថា គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ -ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
លោកបន្ថែមថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលក៏បានសម្រេច ឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង ការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange)ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់ វិនិយោគសាងសង់-ប្រតិបត្តិការ -ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ដោយឡែកស្ពានឆ្លងកាត់ ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លាន ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិ ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៧៕