ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា កុំដាក់ឈ្មោះកញ្ញា សេង ធារី ដែលមានងារជានារីអប្សរា ក្បាលត្រងោល ក្នុងបញ្ជីស្នើសុំលើកលែង និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យជាតិធំៗឲ្យសោះទុក ឲ្យចាប់ពន្ធនាគាររហូតដល់ថ្ងៃច្បាប់កំណត់។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣មិថុនា សម្តេចមានប្រសាសន៍ថា «ថ្ងៃបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យអ្វីៗផ្សេងទៀត អប្សរាក្បាលត្រងោលមួយសូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌«…»កុំដាក់ក្នុងបញ្ជីបន្ធូរបន្ថយទោស ឬលើកលែងទោសតាមរយៈអន្តរាគមន៍។ អីញ្ចឹង!បើមានការអន្តរាគមន៍កុំលើកលែងទុកឲ្យជាប់ពន្ធនាគាររហូតដល់ថ្ងៃចុងក្រោយតែម្តង»។
សម្តេចបានលើកឡើងថា ការចំពោះករណីអប្សរាក្បាលត្រងោលនេះគ្មានប្រយោជន៍នោះទេ ហើយទុកមកជជែកនិយាយគ្នានៅលើតុ ឲ្យបានច្បាស់លាស់។
សម្តេចបន្តថា បើអប្សរាក្បាលត្រងោលមកស្រុកខ្មែរគឺត្រូវមានខ្មែរចំ មានសញ្ជាតិខ្មែរតែមួយ ។
សម្តេចថា «អត់និយាយអ្វីច្រើនទេ មកឈរលើទឹកខ្មែរគឺសញ្ជាតិខ្មែរ ត្រូវអនុវត្តច្បាប់ខ្មែរ ដោយគ្មានការលើកលែង! អ្នកចង់ថាយ៉ាងម៉េចថាទៅ! ព្រោះនេះអធិបតេយ្យជាតិខ្មែរដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ»។
សម្តេចក៏បានប្រាប់ទៅកាន់បរទេសមួយចំនួនថាកុំមកគម្រាមខ្មែរថា គេមិនបញ្ជូនអ្នកសង្កេតការបោះឆ្នោតមកកម្ពុជា។ សម្តេចបញ្ជាក់ទៅកាន់វិញថា «មិនចាំបញ្ជូនមកទេ ព្រោះថាការបោះឆ្នោតអាស្រ័យលើប្រជាពលរដ្ឋ លើគណៈកម្មាធិការរៀបចំការបោះឆ្នោត បន្ទាប់មកក្រុមប្រឹក្សធម្មនុញ្ញ បន្ទាប់មកព្រះមហាក្សត្រ ឡាយព្រះហសត្ថលេខាគឺចប់រឿងហើយ។ កុំអ្នកឯងមកគម្រាម អ្នកចង់បញ្ជូនក៏បញ្ជូនទៅ បើមិនចង់ក៏អត់ទៅគ្មានអ្វីពិបាកថ្វី!»។
សូមជម្រាបថា កញ្ញាសេង ធារី មេធាវី សញ្ជាតិខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមក មាតុភូមិវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕