សៀមរាប៖ ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកជំនាញការងារទាំងនោះ ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។
ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។
លោក ភាវ មាច រស់នៅភូមិគោកបេង ជាប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះរយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ពន្យល់ថា នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះជាពីរកំណាត់ និងខ្លះទៀតបែកបាក់ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្មដែលបាក់បែកទាំងនោះឃើញទើបយកមកផ្គុំឡើងវិញបាន។
លោក ភាវ មាច ឱ្យដឹងទៀតថា វាជាការពិបាកមួយក្នុងការស្វែងរកថ្មប្រាសាទដែលបាក់បែកមកជួសជុល ពេលខ្លះអាចរកឃើញតែមួយកំណាត់ដែលតម្រូវឱ្យតភ្ជាប់ជាមួយថ្មថ្មី។ ការងារតភ្ជាប់ថ្មប្រាសាទដែលបាក់បែកនេះទៀតសោត ត្រូវទទួលខុសត្រូវជាច្រើន ដូចជា មុននឹងតថ្ម គឺត្រូវសម្អាតថ្មទាំងនោះជាមុនសិន ពិសេស គឺនៅត្រង់មុខតំណដែលត្រូវភ្ជាប់គ្នា។ បើក្រុមការងារតថ្មមិនបានត្រឹមត្រូវ ក៏ពិបាកពេលយកទៅជួសជុលប្រាសាទដែរ។
លោក ស៊ី ឌឿន អ្នកភូមិនគរក្រៅ គឺជាអ្នកជួសជុលថ្មម្នាក់ទៀត ឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញពិតជាមានសារសំខាន់ណាស់ ពីព្រោះរាល់ការជួសជុលប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗរបស់ប្រាសាទបុរាណដែលបាក់បែកទាំងនោះទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃសម្បត្តិបេតិកភណ្ឌ។ លោកបន្តថា ការជួសជុលថ្មមួយដុំៗដែលបាក់ជាពីរកំណាត់ យ៉ាងណោចណាស់ក៏ត្រូវចំណាយពេល២ថ្ងៃដែរ ហើយចំពោះថ្មដែលមានតែមួយកំណាត់ គឺត្រូវចំណាយពេលពី៣ទៅ៤ថ្ងៃ ពីព្រោះត្រូវការដាប់មុខថ្មថ្មីផង និងរងចាំឱ្យកាវ និងកំបោរបាយអស្ងួតល្អផង។ លោក ស៊ី ឌឿន បញ្ជាក់ថា បច្ចេកទេសនៃការជួសជុលថ្មនេះ គឺត្រូវតែធ្វើឱ្យថ្មមានភាពរឹងមាំឡើងវិញមិនងាយស្រួលទេ ដោយក្រុមការងារជួសជុលថ្ម ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។
បើទោះបីជាការជួសជុលថ្មមានការលំបាកខ្លាំង និងចំណាយពេលវេលាច្រើន ព្រមទាំងត្រូវការប្រើកម្លាំងលើកឡើងចុះដាក់ផ្គុំសាកល្បងច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមការងារមិនដែលត្អូញត្អែរទេ មានតែបង្ហាញការសប្បាយចិត្ត ពីព្រោះថា ក្រៅពីធ្វើការងារបានថវិកាដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ពួកគាត់ក៏មានមោទនភាពក្នុងការរួមចំណែកអភិរក្សប្រាសាទបុរាណដែលជាកេរមរតកពីដូនតាក្នុងតំបន់អង្គរនេះឱ្យគង់វង្សយូរអង្វែងតទៅមុខទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕