នគរបាលរាជធានីភ្នំពេញបដិសេធទទួលយកចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយ បានសរសេរប្រមាថលើមន្ត្រីអនុវត្តច្បាប់ថាជា ចោរ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមុខបដិសេធ និងមិនអាចទទួលយកបាននោះទេ ទាក់ទៅនឹងការចុះផ្សាយព័ត៌មានរបស់ផេក Cambodia Express News ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយសរសេរប្រៀបធៀបសមត្ថកិច្ចទៅនឹង “ ចោរ “ ។

តាមរយៈសេចក្តីបំភ្លឹក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឱ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសបុកមួយមានឈ្មោះថា Cambodia Express News ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ” ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវ:មួយនេះ ចុះផ្សាយប្រមាទមេីលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលេីមន្ត្រីនគរបាលជាតិ។

ប្រភពដដែលនេះ បន្តថា ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបាននូវពាក្យនេះប្រមាទនេះជាដាច់ខាត ចំពោះពាក្យដែលញុះញង់ ប្រមាថមើលងាយ ពីអង្គភាពសារព័ត៌មានមួយនេះ។ ជាក់ស្តែងសមត្ថកិច្ចនៅគោលដៅជាយក្រុង ដែលកំពុងតែអភិវឌ្ឍន៍ ដែលមានស្ថានភាពហុយដី និងអាកាសធាតុក្តៅខ្លាំង ទេីបសមត្ថកិច្ចគ្រាន់តែពាក់វែនតាខ្មៅ និងរុំកន្សែងបិទមុខ កុំឲ្យក្តៅខ្លាំង បែរជាមកចោទសមត្ថកិច្ចថាជា ចោរ។

បើតាមនគរបាលរាជធានីភ្នំពេញ គ្រប់គ្នាដឹងហើយស្ថានភាពអាកាសធាតុពេលនេះគឺក្តៅខ្លាំង ដូច្នេះដើម្បីការពារកំដៅ និងដីហុយ គ្រាន់តែសមត្ថកិច្ចពាក់មួក វែនតាខ្មៅ ពាក់ម៉ាស់ កន្សែងរុំមុខ ខុសដែរមែនទេ បានជាមកចោទសមត្ថកិច្ចបែបនេះទៅវិញ ។

ជាមួយគ្នានេះ នគរបាលរាជធានីភ្នំពេញស្នើដល់ ក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមេីលឡេីងវិញ នូវសារព័ត៌មានមួយនេះ ដែលជារឿយៗតែងតែចុះផ្សាយព័ត៌មានដោយខ្វះនូវវិជ្ជាជីវ: ខ្វះសីលធម៌ ជាពិសេសសរសេរពាក្យពេជន៍ប្រមាថមើលងាយធ្ងន់ធ្ងរដល់មន្ត្រីនគរបាលជាតិ ដែលមិនគួរលេីកលែងឲ្យបានឡេីយ ៕