ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ដុល្លារ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់ អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ។
ពិធីប្រគល់-ទទួល ត្រូវបានធ្វើឡើងនៅថ្ងៃ២ មិថុនា នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់លោក អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស ។ កម្ពុជា សង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។
កាយវិការសប្បុរសធម៌ខាងលើ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាពនិងសាមគ្គីភាព របស់កម្ពុជា ជាមួយមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ ៕