ក្រសួង រំលឹកពីការចាក់វាក់សាំងដូសជំរុញ ដល់ប្រជាជនអាយុពី៣ឆ្នាំឡើង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ព្រោះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងក្នុងតំបន់។

តាមរយៈសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២ មិថុនា បានគូសបញ្ជាក់ថា «យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (គ.ប.ក.) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួក ថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជម្រាបជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ»។

ក្រសួងបន្ដថា ចំពោះកម្ពុជា កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី ៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ដូច្នេះអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា៕