ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចការនៃក្រសួងយុតិ្តធម៌នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះពិនិត្យធ្វើការស្រាវជ្រាវស្វែងរកការពិតលើករណីរំលោភយកដីផ្លូវសាធារណ:មួយកន្លែង(ករណីសំណុំរឿងក្តីរបស់លោកស្រី ហាំ លក្ខិណា ដែលអះអាងរងនូវភាពអយុត្តិធម៌)ស្ថិតនៅផ្លូវលេខ ១៤៤ ក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រុមការងារនេះ ដឹកនាំដោយលោក ឡុង នរិន្ទ រដ្ឋលេខាធិការ និងលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងបានសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១។
ការចុះស្រាវជ្រាវនេះផងដែរ ធ្វើឡើង បន្ទាប់ពីទទួលបានបទបញ្ជាពីរដ្មន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ និងបន្ទាប់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រកាសថា នឹងស្វែងរកការពិតជូនលោកស្រី ហាំ លក្ខិណា។
បើតាមក្រសួងយុត្តិធម៌ បន្ទាប់មកក្រុមការងារអធិការកិច្ចនឹងធ្វើការអញ្ជើញលោកស្រី ហាំ លក្ខិណា ដែលបានអះអាងថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ចំពោះករណីនេះ រួមទាំងភាគីពាក់ព័ន្ធ មកបំភ្លឺបន្ថែមនៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកស្រី ហាំ លក្ខិណា បានប្រាប់ Khmer CM នៅថ្ងៃទី១ ខែមិនថុនានេះ ថា លោកស្រីបានសម្តែងនូវការការសម្បាយចិត្ត ក្រោយពេលក្រុមមន្ត្រី របស់ក្រសួងយុត្តិធម៌និង អាជ្ញាធរចុះមកជួយដោះស្រាយជូនលោក ស្រី ដល់ទីកន្លែង ព្រោះលោកស្រី និងកូនស្រី រស់នៅវេទនាយូឆ្នាំមកហើយដោយសារតែមានអ្នកមានលុយ ធ្វើរបងបិទផ្លូវសាធារណៈចេញ-ចូលផ្ទះលោកស្រី ។
លោកស្រីបញ្ជាក់ថា លោកស្រី នឹងបន្តទៅចូលរួមដោះស្រាយតាមការណាត់ និងកោះហៅរបស់ក្រសួងយុត្តិធម៌ជាបន្តបន្ទាប់ទៀត៕