អាជ្ញាធរខេត្តស្វាយរៀងជម្រុញឲ្យវិស័យឯកជនត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ

ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានជម្រុញឲ្យវិស័យឯកជនក៏ដូចជាវិនិយោគិននានាដែលចូលមកធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងក៏ដូចជាស្រុករមាសហែកត្រូវធ្វើយ៉ាងរួមគ្នាដោះស្រាយសម្របសម្រួលផលប៉ះពាល់រវាងវិស័យឯកជននិងប្រជាពលរដ្ឋក៏ដូចជារដ្ឋបាលខេត្ត.ក្រុងស្រុកទាំងអស់នៅមូលដ្ឋាន។

ការជំរុញរបស់លោក លោក ម៉ែន អេង ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពេលលោក អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងវិស័យឯកជនក្នុងការអភិវឌ្ឍនៅមូលដ្ឋានស្រុករមាសហែកខេត្តស្វាយរៀងព្រមទាំងស្តាប់របាយការណ៍អំពីវឌ្ឍន:ភាពរបស់រដ្ឋបាលស្រុកផងដែរ។

លោកបន្តថាការជំរុញរបស់លោក នេះ គឹដើម្បីជៀសវាងកុំឲ្យកើតមានបញ្ហាតូចក្លាយទៅជាបញ្ហាធំដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកបន្តទៀតថា:គ្រប់ផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីដែលកើតឡើងនាពេលកន្លងមកដោយសារប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ឃុំអណ្ដូងត្របែកភូមិបុស្សឃុំត្រស់បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅឃុំត្រស់ឃុំអណ្ដូងត្របែកបែបអាណាធិបតេយ្យនេះគឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារពាក់ព័ន្ធទៅនឹងដី ៤៧៦ ហិកតាដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ ដូច្នេះបញ្ហាខាងលើនេះត្រូវទប់ស្កាត់ឲ្យបានកុំឲ្យកើតមានជាបន្តទៀតជាដាច់ខាត៕