លោក ខៀវ សុភ័គ ៖ ក្រសួងនឹងមិនទទួលយកលិខិត រ៉ុង ឈុន ខណៈលោក សុខ ឥសាន ថា ហួសពេល

ភ្នំពេញ ៖ ទោះបីមិនទាន់បានឃើញលិខិតស្នាមរបស់លោក រ៉ុង ឈុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន មានគម្រោងដាក់ដើម្បីស្នើសុំអនុញ្ញាតបានជួបជុំសមាជិករបស់ខ្លួនជាង១ម៉ឺននាក់ ទាមទារឲ្យបក្សបានមានឱកាសចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខក្តី ក៏ក្រសួងមហាផ្ទៃតាមរយៈលោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ បានអះអាងថា នឹងមិនទទួលយកជាដាច់ខាតពោលគឺបដិសេធចោលតែម្តង ។

ការលើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបែបនេះ ក្រោយ ពីលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនមានគម្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីជួបជុំសមាជិកក៏ដូចជាអ្នកគាំទ្រជាង១ម៉ឺននាក់ នៅលើទីលានប្រជាធិបតេយ្យនៅក្បែរស្ពានអាកាសឬស្ស៊ីកែវ នៅចុងសប្តាហ៍នេះ ក្នុងគោលបំណងទាមទារឲ្យគណបក្សខ្លួនបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្រោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធ និងបិទផ្លូវតវ៉ា មិនឲ្យចូលបោះឆ្នោតដោយសារគ្មានឯកសារដើម ។

លោក ខៀវ សុភ័គ បានឲ្យដឹងនាថ្ងៃ៣០ ឧសភាថា “គាត់(បក្សភ្លើងទៀន)មានគម្រោងដាក់ យើងមានគម្រោងមិនទទួល”។ ចំពោះការមិនទទួលយកលិខិតរបស់លោក រ៉ុង ឈុន ត្រូវបានលោកអះអាងថា ដោយសារក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលបានចេញសេចក្តីសម្រេចរួចហើយ គឺបដិសេធ និងបិទផ្លូវតវ៉ា ។ លោកថា “ដូច្នេះត្រូវគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ”។

លោកបង្ហាញការយល់ឃើញចំពោះគណបក្សភ្លើងទៀន មិនបានចូលរួមបោះឆ្នោតថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញគ្មានការចែងថា ត្រូវតែមានបក្សប្រឆាំងចូលរួមបោះឆ្នោតនោះគឺគ្មានទេ គ្រប់គ្រាន់ហើយសម្រាប់គណបក្ស១៨ដែលបានចូលរួមបោះឆ្នោត ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់លេខរៀងកាលពីថ្ងៃ២៩ ឧសភា ។

ក្នុងករណីសមាជិកគណបក្សភ្លើងទៀនដែលដឹកនាំដោយលោក រ៉ុង ឈុន នៅតែរឹងទទឹងក្នុងការជួបជុំគ្នាដោយគ្មានការអនុញ្ញាតនោះ លោកថា នឹងចាត់វិធានការដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នឹងចាប់ខ្លួនតែម្តងព្រោះពន្ធនាគារមានច្រើន ដើម្បីបើកទ្វារចំហររង់ចាំពួកគាត់។

សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានវិញ បានលើកឡើងថា ហួសពេលវេលាសម្រាប់គណបក្សភ្លើងទៀនតវ៉ាដើម្បីបានចូលរួមប្រកួតប្រជែងបោះឆ្នោតហើយ ព្រោះអង្ករបានក្លាយទៅជាបាយ ។ ន័យអង្ករបានក្លាយទៅជាបាយរបស់លោក សុខ ឥសាននេះ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិង បិទផ្លូវតវ៉ារបស់គណបក្ស ។

លោក សុខ ឥសានថា “ការប៉ុនប៉ងចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខហួសពេលហើយ បានសេចក្តីថា អង្ករបានក្លាយទៅជាបាយរួចហើយ តាមរយៈការបិទផ្លូវតវ៉ានៃក្រុមប្រឹក្សាធម្មនុញ្ញ មិនឲ្យមានការប្តឹងតវ៉ាទៅលើទៀត”។

លោកថា ជាក់ស្តែងពីថ្ងៃ២៩ ឧសភា ក៏បានចាប់កំណត់លេខរៀងគណបក្សនយោបាយរួចហើយដែរ ។ ដូច្នេះការស្រមើលស្រមៃរបស់បក្សភ្លើងទៀនចង់ចូលរួមបោះឆ្នោតហួសពេល ទោះបីមានប្រតិកម្ម និងធ្វើសកម្មភាពយ៉ាងណា ក៏ដោយក៏មិនអាចទៅរួចទេ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៣ ឧសភា តាមរយៈសារជាសំឡេងជាង៧នាទីសម្តេចតេជោបានព្រមានទុកជាមុនថា នឹងចាត់វិធានការចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ សម្តេចតេជោ ក៏បានផ្ញើសារបន្តទៅដល់មេដឹកនាំគណបក្សភ្លើងទៀនឲ្យប្រយ័ត្នរាល់ទង្វើទាំងឡាយដែលខ្លួនបានធ្វើ និងជូនដំណឹងទៅដល់បណ្តាពន្ធធនាគារឲ្យរៀបចំទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្សភ្លើងទៀន ប្រសិនបើហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ តាមរយៈបំផុសឲ្យមានចលនាទាមទារគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការព្រមានទៅថ្នាក់ដឹកនាំ និងអំពាវនាវសកម្មជនគណបក្សភ្លើងទៀនរបស់សម្តេចតេជោ បន្ទាប់ពីគណបក្សមួយនេះ កាលពីថ្ងៃ១២ ឧសភា បានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្ស ភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ៕