ភ្នំពេញ៖ ទិវាពិភពលោកឆ្នាំ២០២៣នេះ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភព លោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលជោគជ័យក្នុងការជំរុញយ៉ាង សកម្មក្នុងការអនុវត្តគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី។
បើតាមក្រសួងអប់រំ ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែឧសភានេះ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីវេជ្ជបណ្ឌិត ណាគីសា កូចាវ៉ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត ព្រមទាំងអង្គការអន្តរជាតិ និងអង្គការមិន មែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធ។
ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ របស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រម ទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការ ប្រើប្រាស់ផលិតផលថ្នាំជក់។
ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឲ្យដំណាំថ្នាំជក់។ ទិវាពិភពលោកឆ្នាំ២០២៣ នេះ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភព លោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលជោគជ័យក្នុងការជំរុញយ៉ាង សកម្មក្នុងការអនុវត្តគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី៕